រាជធានីភ្នំពេញ៖ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ហេង ស្រីនាត និងក្រុមការងារ កសិដ្ឋាន i7 Ranch Cambodia តំណាងរបស់ លោក ស្រី ចន្ធូ ព្រមទាំងភរិយា ស្ថានិបកសិដ្ឋាន i7 Ranch Cambodia បាននាំយកនូវអំណោយដែលជាទឹកចិត្តស្នេហាជាតិរបស់ លោក ស្រី ចន្ធូ ទៅប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តាមរយ: ឯកឧត្តម គី ច័ន្ទរំដួល រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីយកមកធ្វើការរៀបចំស្បៀងអាហារផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
ដោយស្របពេលជាតិយើងបាននឹងកំពង់ទទួលរងនូវមហិច្ឆិតាចង់ឈ្លានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាងដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមនូវគោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដីដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរស្ម័គ្រចិត្តក្នុងការជួយឧបត្ថម្ភទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យដល់បងប្អូនកងយោធពលខេមរភូមិន្ទដែលបានលះបង់សាច់ស្រស់ឈាមស្រស់យកទ្រូងឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយក៏មានកាតព្វកិច្ចជួយឧបត្ថម្ភដល់អ្នកសរភូមិមុខផងដែរ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ជាតំណាងដ៏ខ្ពង់់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានទទួលយកនូវអំណោយព្រមទាំងមានប្រសាសន៍ “ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តសប្បុរសធម៌របស់ លោក ស្រី ចន្ធូ និងភរិយា ព្រមទាំងក្រុមការងារ i7 Ranch Cambodia ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ២៥,០០០,០០០រៀល និងអង្ករចំនួន ២៥តោន ទឹកចិត្តដ៏សប្បុរសនេះសបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម ធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋជាជនភៀសសឹកដែលកំពុងមានតម្រូវការស្បៀងអាហារ ហើយក្នុងនាមក្រុមការងារនិងអាជ្ញាធរខេត្តនឹងចាត់ចែងអំណោយទាំងអស់នេះឱ្យបានដល់ជនភៀសសឹកគ្រប់ៗគ្នា”។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា “ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សូមជូនពរ លោក ស្រី ចន្ធូ និងភរិយា ព្រមទាំងក្រុមការងារ i7 Ranch Cambodia សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

