ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត​ សាមគ្គីមានជ័យ​ ក្នុងឃុំស្តេចគង់ខាងលិច​ និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង​ ឃុំទូកមាសខាងលិច​ ស្រុកបន្ទាយមាស​ ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖ ក្នុងគោលដៅសំដៅធានានិរន្តភាពជីវភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស តាមរយៈគម្រោងវិនិយោគខ្នាតតូច​ បានផ្តល់ត្រាក់ទ័រ​ ដែលជាមធ្យោបាយដ៏ចាំបាច់មួយសម្រាប់ជួយដល់ការបង្កើនប្រសិទ្ធភាពនៃការដាំដុះរបស់បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត។

បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត នៅភូមសាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស មានរបរចិញ្ចឹមជីវិតដោយការដាំដុះបន្លែ ដោយប្រើមធ្យោបាយភ្ជួររាស់ និងប្រមូលផលតាមលក្ខណៈប្រពៃណី។ ការអនុវត្តនេះ បានផ្តល់ចំណូលជូនបងប្អូនសហគមន៍ដែលត្រឹមតែធានាចំណាយជីវភាពប្រចាំថ្ងៃ និងមិនទាន់អាចសន្សំគ្រប់សម្រាប់ចំណាយលើសម្ភារ និងមធ្យោបាយសម្រាប់បង្កើនប្រសិទ្ធភាពបង្កបង្កើនផលនៅឡើយ។

ការវិនិយោគខ្នាតតូចនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពនៃការដាំដុះបង្កបង្កើនផល និងបង្កើនចំណូលជាប្រចាំរបស់បងប្អូនសហគមន៍ផង ព្រមទាំងបង្កើនលទ្ធភាពសន្សំរបស់សហគមន៍សម្រាប់ធានាចំណាយផ្សេងៗ ក្នុងគោលដៅលើកកម្ពស់ជីវភាពរបស់គាត់។

Scroll to Top