រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងទិសដៅបន្ត របស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ខេត្តកណ្តាល៖ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញបន្ថែមដល់ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ក្នុងន័យធានាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់គ្រប់រូបភាព ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ជាពិសេសត្រូវផ្សព្វផ្សាយបំផុសឲ្យបានញឹកញាប់ ចំពោះមូលដ្ឋានភូមិ-ឃុំណាដែលមានបញ្ហាខាងលើនេះកើតឡើងច្រើន។
ការជំរុញនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ប្រចាំខែតុលា និងទិសដៅបន្ត របស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្រោមអធិបតី លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួម ពីរមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។
លោកស្រី ស្រ៊ុន ស្រីនាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាបទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស បានយ៉ាងមានប្រសិទ្ធភាព។
លោកស្រីអភិបាលរងខេត្ត បានស្នើដល់អង្គប្រជុំទាំងមូលត្រូវធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ជាធាតុចូលទៅលើរបាយការណ៍ក្នុងកិច្ចប្រជុំ ដើម្បីធានាថាមានភាពច្បាស់លាស់ និងត្រឹមត្រូវ ។ ពិសេសសូមអង្គប្រជុំទាំងមូល ផ្ដល់ជាមតិយោបល់ និងលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងាររបស់ខ្លួន ដើម្បីរួមគ្នាពិភាក្សារកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
នាឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើរបាយការណ៏ឲ្យបានល្អប្រសើរ និងផ្ញើរបាយការណ៏មកខេត្តបានទាន់ពេលវេលា ជាមួយគ្នានេះត្រូវត្រៀមធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួនឲ្យបានរួចរាល់តាមការកំណត់ ហើយក៏ត្រូវត្រៀមរៀបចំផែនការសកម្មភាពការងាររបស់ខ្លួនសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៦ ខាងមុខនេះផងដែរ។ ជាងនេះទៅទៀត ក្រុមការងារនីមួយៗត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារទាំងអស់គ្រប់គ្រងឲ្យបាននូវចំនួនពលករដែលត្រឡប់មកពីថៃ ត្រូវជួយសម្រួលផ្តល់ឯកសារជូនពួកគាត់ដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតជាដើម ពិសេសត្រូវជួយរកការងារជូនពួកគាត់ស្របទៅតាមជំនាញ ហើយប្រសិនបើពួកគាត់មានកូនគ្រប់អាយុចូលរៀន ក៏សូមឲ្យអាជ្ញាធរជួយសម្រួលឲ្យពួកគាត់បានចូលរៀនបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥
បានបង្ក្រាបបទល្មើសជាក់ស្តែង៖ បង្ក្រាបបាន ០២ករណី ស្មើនឹង ០២លើក ក្នុងនោះបង្ក្រាបករណីរំលោភសេពសន្ថវៈ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១លើក និងបង្ក្រាបករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១លើក ឃាត់ខ្លួនជនសង្ស័យ ០២នាក់ (ប្រុស) បានបញ្ជូនទៅតុលាការ និងឃុំខ្លួននៅពន្ធនាគាររួចហើយ។
Scroll to Top