បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។
ជាលទ្ធផល នៅថ្ងៃសុក្រនេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១៨នាក់ ស្រី១២នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន។
ក្នុងថ្ងៃដដែលនេះ មានពលករមួយក្រុមបានព្យាយាមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំនុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបយកមកអប់រំណែនាំ ចំនួន៣២នាក់ ក្នុងនោះមាន ស្រី១០ នាក់ បានប្រើប្រាស់រថយន្ត ០១គ្រឿង ដឹកជញ្ជូនមកប្រគល់ជូន រដ្ឋបាលខេត្តបន្ទាយមានជ័យ ចាត់ចែងបន្ត៕

